បន្ទាប់ពីទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣ រហូតដល់សង្គ្រាមស៊ីវិលឆ្នាំ១៩៧១ កម្ពុជាបានស្គាល់សម័យមួយនៃការចាប់កំណើតឡើងវិញក្នុងវិស័យ ស្ថាបត្យកម្ម និងសិល្បៈ។ នៅក្រោមព្រះរាជដឹកនាំរបស់ សម្ដេចព្រះ នរោត្ដម សីហនុ កម្ពុជាបានខិតខំកែប្រែមុខមាត់របស់ខ្លួន ពីប្រទេសក្រោមអាណានិគម និងកសិកម្ម ទៅជាប្រទេសមួយទំនើបឯករាជ្យ។ ពេលនោះជាពេលចាប់ផ្ដើមនៃការខិតខំប្រឹងប្រែងនៃចលនាសាងសង់ដ៏ គគ្រឹកគគ្រេង។ អាគារដែលបានសាងសង់នាសម័យនោះត្រូវបានគេស្គាល់ថាជាស្ថាបត្យកម្ម ខ្មែរថ្មី។
ស្ថាបត្យករ វិស្វករ និងអ្នកជំនាញតុបតែងទីក្រុងជនជាតិខ្មែរ និងបរទេសជាច្រើននាក់បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។ ប៉ុន្តែគុណភាព និងកេរ្តិ៍ឈ្មោះអាគាររបស់លោក វណ្ណ មូលីវណ្ណ ត្រូវបានទទួលស្គាល់ជាងគេ។
លោក វណ្ណ មូលីវណ្ណ កើតនៅខេត្តកំពត ឆ្នាំ១៩២៦។ លោករៀនចប់នៅវិទ្យាល័យស៊ីសុវត្ថិ ឆ្នាំ១៩៤៤ បន្ទាប់មករៀនច្បាប់មួយឆ្នាំ។ នៅឆ្នាំ១៩៤៦ នៅសាកលវិទ្យាល័យ Sorbonne មុននឹងចូលរៀននៅសាលាជាតិជាន់ខ្ពស់វិចិត្រសិល្បៈខាងស្ថាបត្យកម្ម។ លោកបានបញ្ចប់ការសិក្សាហើយទទួលសញ្ញាប័ត្រនៅឆ្នាំ១៩៥១។
នៅឆ្នាំ១៩៥៦ លោក វណ្ណ មូលីវណ្ណ បានត្រឡប់មកកម្ពុជាវិញ ហើយភ្លាមនោះលោកត្រូវបានសម្ដេចព្រះ នរោត្ដម សីហនុ ផ្ដល់ការងាររដ្ឋមួយចំនួនឲ្យធ្វើ។ លោកក៏ត្រូវបានទទួលបន្ទុកបង្កើតជាគម្រោងសាធារណៈធំៗយ៉ាងច្រើន ដូចជា វិមានឯករាជ្យ អាគារព្រឹទ្ធសភា រោងមហោស្រពជាតិ ពហុកីឡដ្ឋានជាតិ រិមានរដ្ឋ ក្រសួងនានា សំណង់គេហដ្ឋាន និងអាគារសកលវិទ្យាល័យ ជាដើម។ នៅក្នុងអំឡុង១៨ឆ្នាំក្រោយមក លោក វណ្ណ មូលីវណ្ណ បានកសាងស្នាដៃចំនួនជាង៨០ ធ្វើឲ្យវិស័យសំណង់អាគារនៅកម្ពុជាមានការផ្លាស់ប្ដូរយ៉ាងខ្លាំង។ ពេលត្រឡប់មកកម្ពុជាវិញនៅឆ្នាំ១៩៩៣ បន្ទាប់ពីរស់នៃឯបរទេសរយៈពេល២២ឆ្នាំ លោកនៅតែបន្តចូលរួមដដែលក្នុងវិស័យស្ថាបត្យកម្ម និងទីក្រុងនៅប្រទេសកម្ពុជា។
អាគារសំខាន់ៗជាច្រើនរបស់លោក វណ្ណ មូលីវណ្ណ ធន់បាននឹងសង្គ្រាមស៊ីវិល ការទម្លាក់គ្រាប់បែករបស់ពួកអាមេរិកាំង ខ្មែរក្រហម និងសម័យវៀតណាម ប៉ុន្តែបច្ចុប្បន្ននេះ អាគារទាំងអស់នោះកំពុងទទួលរងការគំរាមកំហែង ដោយសារការអភិវឌ្ឍយ៉ាងលឿនស្លេវនៃទីក្រុងភ្នំពេញ។ នៅឆ្នាំ២០០៨ រោងមហោស្រពជាតិព្រះសុរាម្រឹត (មហោស្រពទន្លេបាសាក់) ដែលជាស្នាដៃមួយរបស់លោក វណ្ណ មូលីវណ្ណ ដែរនោះបានខូចខាតអស់។ គម្រោង វណ្ណ មូលីវណ្ណ ដែលមានឈ្មោះភាសាអង់គ្លេសថា “Vann Molyvann Project” បានចាប់ផ្ដើមនៅឆ្នាំ២០០៩ ពីការសហការរវាងនិស្សិត ស្ថាបត្យករ នៅកម្ពុជា និងប្រទេសមួយចំនួនទៀតដើម្បីកសាងជាឯកសារនៃបណ្ដាអាគារសំខាន់ៗ ទាំងនេះ។
ពិព័រណ៍នេះបង្ហាញជូនអាគារធំៗចំនួន៨ ហើយអាគារនីមួយៗបង្ហាញពីប្រភពនៃសំណង់ដែលលោក វណ្ណ មូលីវណ្ណ បានកសាងឡើង។ យើងបានផ្ដោតការយកចិត្តទុកដាក់អំពីសោភណ្ឌភាពសំណង់នៅកម្ពុជា។ យើងក៏បានពិនិត្យផងដែរលើការប្រើប្រាស់ ទឹក ពន្លឺ និងខ្យល់ ចំពោះលោក វណ្ណ មូលីវណ្ណ គឺជាសមាសធាតុពិសេសនៃស្ថាបត្យកម្មខ្មែរប្រកបដោយបរិស្ថានវិទ្យាពិត ៗ។ វត្ថុធាតុដែលយើងលើកយកមកបង្ហាញ គឺសំដៅផ្ដល់ជាគំនិតដល់ស្ថាបត្យករជំនាន់ថ្មីទាំងអស់នៅកម្ពុជា និងនៅបរទេស ដើម្បីឲ្យពួកគេបង្កើតស្ថាបត្យកម្មទំនើបមួយដោយឆ្លើយតបទៅនឹងភាព ដោយឡែកនៃអាកាសធាតុ និងវប្បធម៌ប្រទេសខ្លួន។
ពិព័រណ៍នេះ អាចរៀបចំទៅបានដោយមានការគាំទ្រពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ការចូលរួមផ្ទាល់របស់បុគ្គលជាច្រើន ការខិតខំប្រឹងប្រែងរបស់មនុស្សម្នាជាច្រើន ដែលបានចំណាយពេលវេលា និងចំណេះដឹងរបស់ពួកគេ។ ពួកយើងសូមថ្លែងអំណរគុណផងដែរចំពោះអ្នករៀបចំនូវពិព័រណ៍នេះមាន ដូចជា អ្នកស្រី ស្តេហ្វានី អៀទ័រ និងលោក ប៉ែន សិរីបញ្ញា …(អានមិនច្បាស់ ព្រោះថតចេញមកពីស្លាកឃោសនា) និងលោកស្រី ប្រាំសាន់ សាសា សម្រាប់ជំនាញរបស់ពួកគេ។
យើងសូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្ដម វណ្ណ មូលីវណ្ណ ដែលបានផ្ដល់គំនិតណែនាំក្នុងគម្រោងនេះ៕
ទិដ្ឋភាពនៃពិព័រណ៍ស្ថាបត្យកម្មខ្មែរ
នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ពិព័រណ៍ស្ថាបត្យកម្មខ្មែរថ្មី
ម៉ាកែតវិមានរដ្ឋចម្ការមនស្នាដៃលោក
វណ្ណ មូលីវណ្ណរូបលោក វណ្ណ មូលីវណ្ណ ដែលបានដាក់តាំងនៅពិព័រណ៍ស្ថាបត្យកម្មខ្មែរថ្មី
No comments:
Post a Comment