កើតនៅឆ្នាំ ១៩៤០ លោក អ៊ុក សាម៉េត បានទទួលអាហារូបករណ៍ទៅសិក្សានៅ សហរដ្ឋ អាមេរិច នៅឆ្នាំ ១៩៦០ ។
គាត់ទទួលបានសញ្ញាប័ត្រស្ថាបត្យកម្ម និង ផែនការក្រុង នៅ សាកលវិទ្យាល័យ ហ្លរីដា ។
ពីឆ្នាំ ១៩៦៧ ដល់ឆ្នាំ ១៩៧១ គាត់បានបម្រើការជាស្ថាបត្យករជាមួយ ក្រសួងសាធារណការ និង ធ្វើការក្រៅម៉ោងផងដែរ ។ នៅកំឡុងពេលនោះ គាត់បានគូប្លង់រោងចក្រណេសស្លេ នៅ ភ្នំពេញ និង ការិយាល័យធំរបស់ក្រុមហ៊ុន កូមិនខ្មែរ ដែលជាក្រុមហ៊ុនសំណង់ក្នុងស្រុកមួយ ។
គាត់ក៏បានគូប្លង់ផ្ទះល្វែងសម្រាប់ជួលឱ្យ លោកឧត្តមសេនីយ៍ ស្រី មាស នៅតាមបណ្ដោយមហាវិថីកម្ពុជាក្រោមផងដែរ ។
ការងារផ្សេងទៀតរបស់គាត់រួមមាន បំពង់ធ្វើឱ្យត្រជាក់នៅស្ថានីយអគ្គិសនីមួយ និង ការអភិវឌ្ឍន៍តំបន់បាសាក់ ។
គាត់បានជួសជុលកែឆ្នៃផ្ទះរបស់ សម្ដេច នរោត្តម សីហនុ នៅខែត្របាត់ដំបង និង ផ្ទះរបស់ ព្រះនាង បុប្ផាទេវី នៅចំការមនផងដែរ ។
គាត់ក៏ចូលរួមក្នុងគម្រោងប្លង់អភិវឌ្ឍន៍ ភ្នំពេញ និង ក្រុងព្រះសីហនុ ផងដែរ ។
គាត់បានរម្លឹកថា ភ្នំពេញ នៅសម័យ ៦០ គឺ «រស់រវើកខ្លាំងបំផុត» ។ គាត់លើកឡើងទៀតថា «ស្ថាបត្យកម្មបែបអាណានិគមបារាំងនៅតែមានឥទ្ធិពលមកលើការសាងសង់ ដរាបដល់ពេលមួយដែល វណ្ណ ម៉ូលី វណ្ណ បានចាប់ផ្ដើម ស្ថាបត្យកម្មខ្មែរបែបថ្មី» ។ ស្ថាបត្យកម្មថ្មីនោះសម្របខ្លួនទៅនឹងអាកាសធាតុ ហើយក៏មានការកែប្រែទម្រង់ និង មុខងារផងដែរ ។
បន្ទាប់ពីទៅសិក្សានៅ សាលាសេដ្ឋកិច្ចក្រុងឡុងដ៍ នៅឆ្នាំ ១៩៧១ គាត់បានផ្លាស់ទៅនៅ ក្រុងប៉ារីស ហើយបានធ្វើការឲ្យ លេខាធិការដ្ឋានគម្រោងផែនការ និង លំនៅដ្នាន (Sécrétariat de la Mission de l’Urbanisme et l’Habitat) ។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ គាត់បានធ្វើការជាអ្នកប្រឹក្សាឲ្យ ធនាគារពិភពលោក, សហព័ន្ធអឺរ៉ុប និង ធនាគារអភិវឌ្ឍន៍អាស៊ី ។
គាត់បានត្រឡប់មក កម្ពុជា វិញនៅឆ្នាំ ១៩៩៧ ហើយធ្វើការនៅក្នុងរដ្ឋាភិបាល ។ (បទសម្ភាសន៍ឆ្នាំ ២០០១)
No comments:
Post a Comment