លោកសាស្រ្តាចារ្យ វណ្ណ មូលីវណ្ណ បង្ហាញពីស្នាដៃរបស់លោកនាពេលកន្លងមក
។ ជីវ័ន
សៀវភៅថ្មីមួយទៀតដែលនិយាយអំពីបុរីនៅអាស៊ីអាគ្នេយ៍ អតីតកាល និងបច្ចុប្បន្ន
របស់លោកសាស្រ្តាចារ្យ វណ្ណ មូលីវណ្ណ នឹងចេញផ្សាយក្នុងពេលឆាប់ៗនេះដើម្បីចូលរួមចំណែកក្នុងការផ្តល់ ពុទ្ធិដល់សង្គមខ្មែរ។
វីរស្ថាបត្យករ
វណ្ណ មូលីវណ្ណ មានប្រសាសន៍ប្រាប់ប៉ុស្តិ៍ អចលនទ្រព្យកាលពីពេលថ្មីៗនេះថា ពេលនេះលោកកំពុងរៀបចំបោះពុម្ពសៀវភៅថ្មីមួយទៀត ដែលទើបបានបញ្ចប់ការបកប្រែពីភាសាបារំាង
ទៅភាសាអង់គ្លេស និងពីភាសាអង់គ្លេសមកជាភាសាខ្មែរ។
លោកបានប្រាប់ទៀតថា កាលពីលើកមុនសៀវភៅរបស់លោកធ្លាប់បានដាក់បោះពុម្ពតាមរយៈ វិទ្យាស្ថានរៃយំ
ប៉ុន្តែដោយសារការបោះពុម្ពតាមរយៈវិទ្យាស្ថាននេះ គេមិនអនុញ្ញាតឲ្យនំាយកទៅបរទេសឡើយ ហេតុនេះសម្រាប់ការចេញផ្សាយលើកនេះលោកកំពុងស្វែងរករោងពុម្ព ផ្សេងទៀត
ដើម្បីបោះពុម្ពសៀវភៅដែលមានកម្រាស់ជិត៤០០ទំព័រនេះ។
លោកសាស្រ្តាចារ្យ បានប្រាប់ទៀតថា៖«ខ្ញុំសរសេរសៀវភៅនេះដើម្បីឲ្យនិស្សិតខ្មែរ បានស្វែងយល់អំពីប្រវត្តិស្ថាបត្យកម្មរបស់ខ្មែរសម័យអង្គរ និងសម័យក្រោយៗមកទៀត ព្រោះឯកសារមានតម្លៃជាច្រើនរបស់យើងត្រូវបានបាត់បង់ក្នុងសម័យ ខ្មែរក្រហម»។ លោកបន្តថា៖«សៀវភៅនេះខ្ញុំបានដាក់ឆ្លងថ្នាក់ដឹកនំា និងអ្នកជំនាញនានានៅសាកលវិទ្យាល័យប៉ារីសប្រទេសបារាំង ដើម្បីឲ្យគេវាយតម្លៃ។ នៅពេលនេះការវាយតម្លៃបានបញ្ចប់ហើយ ដោយយើងនៅតែរង់ចំាតែពេលបោះពុម្ពផ្សាយតែប៉ុណ្ណោះ»។
នេះជាស្នាដៃទី៣ហើយ
របស់លោកសាស្រ្តាចារ្យ វណ្ណ មូលីវណ្ណ ដែលស្នាដៃទី១របស់លោកមានចំណងជើងថា បុរីខ្មែរមុនសម័យអង្គរ ទី២ មានចំណងជើងថា បុរីខ្មែរសម័យទំនើប
និងសៀវភៅទី៣ នាពេលនេះមានចំណងជើងថា
បុរីនៅអាស៊ីអាគ្នេយ៍ អតីតកាល និងបច្ចុប្បន្ន។
លោក ម៉េង ចំរើន
វិស្វករប្រចំាក្រុមហ៊ុន OCIC (កោះពេជ្រ) បានប្រាប់ថា
លោកមិនដែលបានអានសៀវភៅរបស់លោកសាស្រ្តាចារ្យ វណ្ណ មូលីវណ្ណ ពីមុនមកទេ ប៉ុន្តែលោកជឿថា សៀវភៅរបស់លោក
វណ្ណ មូលីវណ្ណ នឹងផ្តល់ពន្លឺចំណេះដឹងច្រើនដល់អ្នកសិក្សាស្រាវជ្រាវ ដើម្បីឲ្យពួកគេមានសមត្ថភាពអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែប្រសើរថែម ទៀត។
លោក ចាន់ សុខឃាង
សាកលវិទ្យាធិការនៃសាកលវិទ្យាល័យន័រតុន ដែលជាគ្រឹះស្ថានឧត្តមសិក្សាមួយមានការបណ្តុះបណ្តាលជំនាញស្ថាបត្យ កម្ម និងសំណង់ បានថ្លែងថា នៅកម្ពុជាមិនសូវមានឯកសារទាក់ទងវិស័យនេះឡើយ។ ឯកសារដែលយើងមានសុទ្ធតែជាឯកសារបរទេស និងមិនមានជាភាសាខ្មែរឡើយ។
លោកបានបន្តថា សៀវភៅដែលនិពន្ធដោយលោកសាស្រ្តាចារ្យ
វណ្ណ មូលីវណ្ណ ពិតជាមានតម្លៃណាស់សម្រាប់កូនខ្មែរ
ដើម្បីបង្កើតឲ្យមានសោភណភាព និងគុណភាពសំណង់ កាន់តែប្រសើរឡើង។
លោកបញ្ជាក់ថា៖«ខ្ញុំគិតថា គាត់ជាវីរបុរសរបស់កម្ពុជាដែលបានកសាងស្ថាបត្យកម្មជាច្រើន គាត់ជាស្ថាបត្យករដែលបានបញ្ចប់ការសិក្សានៅប្រទេសបារំាង ហើយទស្សនៈនៃការយល់ដឹងរបស់គាត់មានលក្ខណៈជ្រៅជ្រះ និងទូលំទូលាយ។ លោកបន្តថា
លោកតែងតែគោរពទស្សនៈ និងស្នាដៃរបស់គាត់
ពីព្រោះសូម្បីតែជនបរទេសនៅពេលដឹងថា គាត់ទៅធ្វើបទបង្ហាញនៅទីណាពួកគេសុខចិត្តជិះយន្តហោះទៅស្តាប់ គាត់ និងថតរូបជាមួយគាត់ ដែលនេះជាមោទនភាពដ៏ធំសម្រាប់ជនជាតិកម្ពុជា»។
លោក ចាន់ សុខឃាង
បានបន្តថា មិនមែនតែជនជាតិខ្មែរទេ សូម្បីតែស្ថាបត្យករនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏គេកោតស្ញប់ស្ញែងលោក វណ្ណ
មូលីវណ្ណ ដែរព្រោះយើងឈានមុខគេក្នុងតំបន់នេះកាលពីទសវត្សរ៍មុនៗ ហើយខ្ញុំគិតថា
យើងត្រូវរៀនសូត្រឲ្យបានច្រើនពីគាត់ ៕
No comments:
Post a Comment