ភ្នំពេញជារាជធានីមួយក្នុងចំណោមរាជធានីមួយចំនួនតូចនៅក្នុង តំបន់ ដែលអាចរក្សាបានយ៉ាងជោគជ័យនូវរបៀបជាទីក្រុងនៅអាស៊ី អាគ្នេយ៍ពិតប្រាកដ។ ទីក្រុងមានមហាវិថីទូលំទូលាយអមទៅដោយម៉ូដផ្ទះបែបអាណា និគមបារាំង និងអគារមានរចនាប័ទ្មនាសម័យក្រោយឯករាជ្យ (១៩៥៣)ដែលគេចាត់ទុកថា ជាស្ថាបត្យកម្មខ្មែរសម័យថ្មីដែលរាជធានីរបស់ព្រះរាជាណា ចក្រកម្ពុជា មានរហស្សនាមថា «ទីក្រុងគជ់នៅអាស៊ី»។
នៅសតវត្សរ៍ទី២១នេះ រាជធានីភ្នំពេញ ព្យាយាមធ្វើយ៉ាងណាដើម្បីស៊ីគ្នាទៅនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដូចបណ្តាប្រទេសជិតខាងរបស់ខ្លួន។ ភាពស្រស់ស្អាតរបស់រាជធានីនេះ បានចាប់ផ្តើមតាំងពីពាក់កណ្តាលសតវត្សរ៍ទី១៩ នៅពេលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះបាទនរោត្តម ដែលប្រទេសកម្ពុជា បានក្លាយជារដ្ឋស្ថិតក្រោមអាណាព្យាបាលបារាំង។
រាជធានីភ្នំពេញ ត្រូវបានប្រែក្លាយពីភូមិនេសាទទំនប់ទឹកមួយទៅជាក្រុងមួយជាមួយ នឹងប្រព័ន្ធគមនាគមន៍ខ្វាត់ខ្វែង និងអគារសាធារណៈគួរឲ្យចាប់អារម្មណ៍មួយចំនួន និងរចនាសម្ព័ន្ធរដ្ឋាភិបាលជាច្រើន។
នៅពេលដែលកម្ពុជា ទទួលបានឯករាជ្យពីនឹមត្រួតត្រាអាណានិគមនិយមបារាំងក្នុងឆ្នាំ ១៩៥៣ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា មានមោទនភាពយ៉ាងខ្លាំង រួមមានទាំងព្រលានយន្តហោះ ផ្លូវគោក និងផ្លូវដែកដែលអាចដំណើរការបាន រហូតដល់ចុងទសវត្សរ៍ឆ្នាំ១៩៦០ ទើបរាជធានីភ្នំពេញខ្លួនឯងបានក្លាយជាក្រុងមួយក្នុងចំណោម ក្រុងជាច្រើនដែលមានសោភណភាពល្អបំផុតនៅអាស៊ី។
ការលើកទឹកចិត្តដោយមានការចាប់អារម្មណ៍ពីព្រះមហាក្សត្រព្រះ នរោត្តម សីហនុ ដែលព្រួយព្រះទ័យពីវប្បធម៌ ជាងហត្ថករជាច្រើនដែលមានការអប់រំខ្ពស់ដែលកំពុងលេចមុខនៅ ក្នុងក្រុងនេះ បានកំណត់អំពីទំនើបកម្មមុខមាត់របស់រាជធានីនេះជាផ្នែកមួយនៃ ចលនាស្ថាបត្យកម្មខ្មែរសម័យថ្មីដែលដឹកនាំដោយលោក វណ្ណ មូលីវណ្ណ។
ដោយទទួលបានការអប់រំនៅ ប្រទេសបារាំងលោក វណ្ណ មូលីវណ្ណ បានវិលត្រឡប់មកកម្ពុជាវិញកាលពីឆ្នាំ១៩៥៦ ក្នុងនាមជាស្ថាបត្យករដែលមានសមត្ថភាពតែម្នាក់គត់នៅកម្ពុជា។ ភ្លាមៗនោះដែរ លោកក៏ទទួលបានងារជាប្រធានស្ថាបត្យករសម្រាប់ស្ថាប័នរដ្ឋ និងនាយកផែនការក្រុង និងលំនៅដ្ឋាន។ លោកបានកសាងសំណង់អគារជាច្រើនដូចជា ក្រសួង ទីស្តីការគណៈរដ្ឋមន្ត្រី អគាររដ្ឋាភិបាល សាលប្រជុំសភា វិមានឯករាជ្យ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាលមហោស្រពចតុមុខ ស្តាតអូឡាំពិក បុរីបាសាក់ ស្ថានទូតមួយចំនួននៅក្រៅប្រទេស ព្រមទាំងអគារសំខាន់ៗជាច្រើនទៀតនៅកន្លែងល្បីបំផុតក្នុងរាជធានី ភ្នំពេញ។
សំណង់ទាំងនោះ បានដើរតួយ៉ាងសំខាន់មួយក្នុងទំនើបភាវូបនីយកម្មនៃក្រុងធំ បំផុតនៅកម្ពុជា។ នេះបើយោងតាម លោក ឃួន ឃុននាយ អគ្គនាយករងផ្នែកគ្រប់គ្រងដីធ្លី និងលំនៅដ្ឋានក្នុងឧទ្យានបុរាណវិទ្យាអង្គរ ដែលធ្លាប់ធ្វើការជាមួយលោក វណ្ណ មូលីវណ្ណ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦០។
លោកមានប្រសាសន៍បញ្ជាក់ថា៖«គាត់ជាស្ថាបត្យករលើកដំបូងហើយដែល ធ្វើឲ្យរាជធានីភ្នំពេញ និងទីរួមខេត្តផ្សេងទៀតនៅកម្ពុជាក្លាយជាក្រុងទំនើបៗរហូតមក ដល់សព្វថ្ងៃនេះ»។ លោក បានបន្តថាចលនានេះ បានធ្វើឲ្យស្ថាបត្យកម្មអង្គរបុរាណរស់ឡើងវិញ។ លោក បានបញ្ជាក់ថា ការលើកទឹកចិត្តដោយវិមានឯករាជ្យដែលមានរូបរាងជាផ្កាឈូក ដែលត្រូវបានបញ្ចប់កាលពីឆ្នាំ១៩៦០ មានប្រភពមកពីប្រាសាទបាគង ដែលជារាជវាំងលើកដំបូងដែលគេបានកសាងក្នុងសម័យអង្គរ។ លោក មូលីវណ្ណ ក៏បានដាក់បញ្ចូលបច្ចេកទេសទំនើបៗជាច្រើនក្នុងរចនាម៉ូដ របស់លោកផងដែរជាពិសេសក្នុងការសាងសង់ពហុកីឡដ្ឋានជាតិ។ លោកឃុននាយ បានបញ្ជាក់ថា៖ «ស្តាតនោះ ត្រូវបានគេកសាងរាងឆត្រ ដោយប្រើប្រាស់ឥដ្ឋខ្យល់ និងមានម្លប់ច្រើនដើម្បីកាត់បន្ថយកម្តៅ និងពន្លឺព្រះអាទិត្យចូលក្នុងបរិវេណនោះ»។
លោក បានបញ្ជាក់ទៀតថា អាងហែលទឹកតាមធម្មតាត្រូវបានគេកសាងឡើងដើម្បីធ្វើឲ្យបរិវេណនោះមានភាពត្រជាក់»។
ជាអកុសលណាស់អគារភ្លោះដែល សាងសង់នៅជុំវិញពហុកីឡដ្ឋាន ជាតិអូឡាំពិកគឺសឹងតែប្រើប្រាស់លែងកើតទៅហើយដោយមានការជ្រាបទឹក ជារៀងរាល់ឆ្នាំដោយសារតែការសាងសង់គ្មានរបៀបរៀបរយឥឡូវនេះនៅ គ្រប់បរិវេណសុទ្ធតែជាកន្លែងបង្កគ្រោះថ្នាក់។ ទោះយ៉ាងណាក៏ដោយ នេះមិនមែនជាកំហុសរបស់លោក វណ្ណ មូលីវណ្ណ តែម្នាក់ឯងទេ។ កាលពី៦ឆ្នាំមុន មហោស្រពជាតិ ទីស្ដីការគណៈរដ្ឋមន្ត្រី និងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈត្រូវបានវាយចោលទាំងអស់ ក្នុងហេតុផលធ្វើការអភិវឌ្ឍ។ នេះបើយោងតាមលោកស្រី Stefanie Irmer ប្រធានក្រុមហ៊ុនទេសចរណ៍KA ដែលផ្ដោតទៅលើស្ថាបត្យកម្មថ្មីរបស់ខ្មែរបានប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីម្សិលមិញនេះ។
លោកស្រីបានថ្លែងថា៖ «ការរៀបចំផែនការសម្រាប់ទីក្រុងហាក់ដូចជាអាចប្រព្រឹត្តទៅបាន ដោយសារតែក្រុមពួកមូលធន ដោយធ្វើការបណ្ដាក់ទុន និងអ្នកប្រតិបត្តិខាងដីធ្លីដែលជាកត្តាដ៏ចម្បងក្នុងការ ផ្លាស់ប្ដូរមុខមាត់ទីក្រុង។ ការអភិវឌ្ឍបែបនេះអាច ប្រព្រឹត្តទៅបាន ព្រោះគ្មានការចាត់ជាថ្នាក់ ឬការការពារនូវស្ថាបត្យកម្មថ្មីរបស់ខ្មែរទេ ហើយអគារកាលពីសម័យអាណានិគមជាផ្នែកមួយនៃកេរដំណែលវប្បធម៌ កម្ពុជាត្រូវបានទទួលរ៉ាប់រងពីស្ថាប័នរដ្ឋាភិបាល»។ លោកស្រីបានបន្ថែមថា មានវិធីជាច្រើនក្នុងការលើកស្ទួយ និងថែរក្សាការពារកេរដំណែលទាំងនេះមានមតិជាទូទៅថា វិធីទាំងអស់នេះជាផ្នែកមួយនៃកេរដំណែល កម្ពុជាដ៏មានសារៈសំខាន់ម្យ៉ាងម្នាក់ៗដូចជាស្ថាប័នរបស់ រដ្ឋាភិបាលដែលប្រាប់ពីយុទ្ធសាស្រ្តក្នុងការចាត់ថា្នក់តាមតំបន់ជា ច្រើនទៀត។
លោកស្រីបានបន្តថា៖ «ក្នុងដំណាក់កាលនេះ ជាជំហានទីមួយ ដើម្បីបង្ហាញពីឆន្ទៈនយោបាយក្នុងការគិតគូរនូវកេរដំណែលទីក្រុង និងថែរក្សាការពារខ្លួន ឥឡូវនេះប្រទេសកម្ពុជាត្រូវបានគេជួយផ្ដល់គំនិតផ្ដួចផ្ដើមបន្ថែម ទៀត»។ការវិនិយោគទុនបានចាប់ផ្ដើមហូរចូលមកក្នុងទីក្រុងរបស់ កម្ពុជានៅរយៈពេលស្ទើរមួយទសវត្សរ៍ចុងក្រោយនេះបណ្ដាលឲ្យមានការ កម្ទេចចោលអគារចាស់ៗជា ច្រើន និងភាគច្រើនការបណ្ដេញពលរដ្ឋចេញពីដីដែលពួកគាត់រស់នៅជារៀង រាល់ថ្ងៃដើម្បីបើកផ្លូវឲ្យម្ចាស់គម្រោងធំៗដែលបានស្នើសុំធ្វើ ការអភិវឌ្ឍ និងដើម្បីធ្វើឲ្យមានការចុះសម្រុងជាមួយក្រុមប្រទេសជិតខាងរបស់ ខ្លួនដែលមានការរីក ចម្រើន។
លោក បេង ហុងសុជាតិខេមរ៉ូ អ្នកនាំពាក្យ និងជាអគ្គនាយករងនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មានជំនឿថា វាជាករណីមួយនៃការសម្រេចបានតុល្យភាពត្រឹមត្រូវរវាងសម្ពាធ សេដ្ឋកិច្ច និងការរៀបចំទីក្រុង។
លោកបានថ្លែងថា៖ «នៅតាមបណ្ដាប្រទេសមួយចំនួនដូចជាសិង្ហបុរី និងម៉ាឡេស៊ីជាដើមដែលធ្លាប់បានឆ្លងកាត់ការរីកចម្រើនដ៏មហា អស្ចារ្យនេះនៅក្នុងទសវត្សរ៍ទី៧០និងទី៨០ ស្ថាបត្យកម្មជាប្រវត្តិសាស្ត្រត្រូវបានគេសាងជំនួសមកវិញនូវអគារ ខ្ពស់ៗ។ ទោះយ៉ាងណាក៏ដោយ ឥឡូវរដ្ឋាភិបាលទាំងពីរនេះមានបំណងលើកកម្ពស់ចំណេះដឹងជាសាធារណៈពី កេរដំណែលទីក្រុងនេះ»។ លោកបានបន្ថែមថា កង្វះខាតធនធានមនុស្សនៅកម្ពុជាធ្វើឲ្យមានការពិបាកក្នុងការ ជម្រាបជូនដំណឹងដល់សាធារណជនពីសារៈសំខាន់នៃអគារមួយចំនួន។
លោក បេង ហុងសុជាតិខេមរ៉ូ បានបន្ថែមថា រហូតមកដល់ពេលនេះ គំនិតសម្រាប់គម្រោងសាកល្បងថែរក្សាកេរដំណែលទីក្រុងត្រូវបានបង្កើត ឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទោះយ៉ាងណាក៏ដោយ គម្រោងនេះមិនទាន់ដំណើរការនៅឡើយទេ។
លោកបានថ្លែងថា៖ «យើងមិនទាន់បានទទួលមូលនិធិសម្រាប់គម្រោងនេះនៅឡើយទេ យើងកំពុងរង់ចាំម្ចាស់ជំនួយដែលចាប់អារម្មណ៍ ប៉ុន្តែជាធម្មតាពួកគេចាប់អារម្មណ៍តែទៅលើការអភិវឌ្ឍទីជនបទ» ។លោកបន្ថែមថា៖«ខណៈយើងមានច្បាប់អភិរក្សរួចហើយ ពួកគេទោរទន់អនុវត្តតែ«អចលនទ្រព្យសំខាន់ៗ»ប៉ុណ្ណោះដូចជាប្រាសាទ អង្គរវត្តជាដើម»៕
No comments:
Post a Comment