គាត់កើតនៅឆ្នាំ ១៩៤៣ ហើយសព្វថ្ងៃរស់នៅ និង ធ្វើការនៅភាគខាងត្បូង ប្រទេសបារាំង ។
ពីឆ្នាំ ១៩៦០ ដល់ឆ្នាំ ១៩៦៧ គាត់បានសិក្សាស្ថាបត្យកម្មនៅ សាលាជាតិជាន់ខ្ពស់ផ្នែកវិចិត្រសិល្បៈ (Ecole Nationale Supérieure des Beaux Arts) នៅស្ទីយ៉ោអាររ៉េតឆេ (Arretche Studi0) ដែល លោក វណ្ណ ម៉ូលី វណ្ណ ធ្លាប់បានសិក្សា ។
គាត់បានបន្ដការសិក្សាពីរឆ្នាំទៀតនៅ វិទ្យាស្ថាននគរូបនីយកម្ម (Institute of Urbanism) ជាមួយ លោក នុត ណារ៉ាង (បច្ចុប្បន្នជាសមាជិកព្រឹទ្ធសភា) ។
គាត់ក៏ទទួលបានសញ្ញាបត្របណ្ឌិតក្នុងការសិក្សាលើ ព្រះវិហារសាំងហ្រង់ស័រ ដឺ ប៉ូល (St Francois de Paul) នៅឯ ហ្រេ្វហ្ស៊ុយ (Fréjus) ប្រទេសបារាំង ។
គាត់ត្រឡប់មក ប្រទេសកម្ពុជា វិញនៅឆ្នាំ ១៩៦៩ ហើយធ្វើការពីរឆ្នាំក្រោមបញ្ជារ លោក អ៊ុក សាម៉េត នៅក្រសួងសាធារណការ ។
គាត់ត្រូវបានតំឡើងតំណែងជាប្រធានផ្នែកនគរូបនីយកម្មនៅសាលាក្រុងភ្នំពេញ ពីឆ្នាំ ១៩៧២ ដល់ ១៩៧៥ (ជំនួស លោក លូ បាន ហាប់)។
គាត់បានបង្រៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈពីឆ្នាំ ១៩៦៩ ដល់ ១៩៧៥ ក្នុងពេលដែល លោក រស់ បូរ័ត្ន ប្រធានអាជ្ញាធរអប្សរាបច្ចុប្បន្នជាកូនសិស្សរបស់គាត់ ។
សេចក្ដីបារម្ភជាចម្បងរបស់គាត់គឺ ការអភិវឌ្ឈន៍ទីក្រុងភ្នំពេញ ដែលជម្រុញឲ្យគាត់ធ្វើការសិក្សាជាច្រើន ដែលក្នុងនោះគឺ គម្រោងការអភិវឌ្ឈន៍ឧត្តុង្គដែលគាត់បានសម្គាល់រាល់គ្រប់ បូជនីយដ្ឋានប្រវត្តិសាស្រ្តដែលត្រូវការការថែរក្សា ។
គាត់បានបង្កើតបញ្ជីសារពើភ័ណ្ឌមួយអំពីវត្តទាំងអស់នៅ ប្រទេសកម្ពុជា ដែលធ្វើអំពើឈើដែលអាចទទួលការគំរាមកំហែងដោយការកម្ទេចចោល ។
គាត់ក៏បានធ្វើការសិក្សាមួយជាមួយ ក្រុមហ៊ុនវិស្វករអង់គ្លេស CNUD អំពីរចនាបទនៃលំនៅដ្ឋានតម្លៃថោកដែលធ្វើតាមពីអាគារខ្មែរ បុរាណ ។
អនុស្សាវរីយ៍ដែលគាត់ចងចាំអំពីសម័យនោះគឺ សម័យដែលផ្នែកស្ថាបត្យកម្មស្ថិតនៅទាំងស្រុងក្នុងកណ្ដាប់ដៃ លោក លូ បាន ហាប់ និង លោក វណ្ណ មូលី វណ្ណ ។
នៅឆ្នាំ ១៩៧៥ គាត់បានទៅ ប្រទេសបារាំង ដើម្បីសិក្សាវគ្គជំនាញហ្វឹកហាត់លើបច្ចេកទេសសាងសង់ ដែលដោយប្រយោលគេចផុតពីកណ្ដាប់ដៃពួកអាវខ្មៅ ។ គាត់មិនត្រឡប់មក ប្រទេសកម្ពុជា ទៀតទេចាប់ពីពេលនោះមក ។
ស្នាដៃ ៖ សហគ្រាសផលិតឱសថ (ពោធិចិនតុង), មណ្ឌលស្ដារលទ្ធភាពកុមារពិការ (វិថីយុគន្ធរ), គម្រោងអភិវឌ្ឈន៍ក្រុងនៅឧត្តុង្គ, បញ្ជីសារពើភ័ណ្ឌ និង គម្រោងស្នើសុំអភិរក្សវត្តដែលសង់ពីឈើ និង តំបន់ការពារបូជនីយដ្ឋានប្រវត្តិសាស្រ្ត (រមនីយដ្ឋានអង្គរ) ។
No comments:
Post a Comment