វិរ ស្ថាបត្យករ លោក វណ្ណ មូលីវណ្ណ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមធ្វើបទបង្ហាញនៅសាកលវិទ្យាល័យ បញ្ញាសាស្រ្ត កាលពីថ្ងៃទី២៧
ខែកក្កដា ឆ្នាំ២០១២ ។ រូបថត ហេង ជិវ័ន
ភ្នំពេញៈ បើទោះជាអ្នកជំនាញវិស័យអចលនទ្រព្យប្រទេសកម្ពុជាធ្លាប់លើកឡើងថា
ការអភិវឌ្ឍទីក្រុងនៅថ្ងៃអនាគតនឹងពង្រីកទៅភាគខាងលិច និងខាងជើងទីក្រុង ប៉ុន្តែគំនិតនេះវាផ្ទុយទៅនឹងគំនិតរបស់លោកសាស្រ្តាចារ្យ
វណ្ណ មូលីវណ្ណ ដែលថា ការអភិវឌ្ឍរាជធានីភ្នំពេញគួរតែសំដៅទៅភាគខាងត្បូងវិញប្រសើរជាង ។
វីរស្ថាបត្យករ
វណ្ណ មូលីវណ្ណ បានថ្លែងទៅកាន់និស្សិតខ្មែរជិត១០០០នាក់ដែលសិក្សាលើជំនាញ ស្ថាបត្យកម្ម និងសំណង់
ក្នុងកម្មវិធីមួយដែលមានឈ្មោះថា Sharing Vast Experience in the Field of Architecture and
Construction around the World នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា កាលពីពេលថ្មីៗនេះថា ប្រជាពលរដ្ឋមករស់នៅទីក្រុងកាន់តែច្រើនទៅៗ ដែលធ្វើឲ្យទីក្រុងកាន់តែចង្អៀត ដូច្នេះការអភិវឌ្ឍទីក្រុងគឺរឿងចាំបាច់ ប៉ុន្តែការពង្រីកទីក្រុងនេះគេគួរតែពង្រីកទៅភាគខាងត្បូងស្រប ទន្លេបាសាក់
ឆ្ពោះទៅទីក្រុងតាខ្មៅទើបល្អប្រសើរ។
លោក
សាស្រ្តាចារ្យរូបនេះបានបញ្ជាក់ថា៖«ភ្នំពេញជារាជធានី របស់កម្ពុជា ដែលមានប្រជាជនរស់នៅច្រើន និងមានសកម្មភាពសេដ្ឋកិច្ចខ្លាំងជាងគេ។
ការដឹកជញ្ជូនទំនិញចេញ ចូលភ្នំពេញ មានប្រមាណ៨០ភាគរយ ដូច្នេះភ្នំពេញជាចំណុចសំខាន់មួយក្នុងការជំរុញសកម្មភាព សេដ្ឋកិច្ចប្រទេសកើនឡើងផងដែរ»។
លោកសាស្រ្តាចារ្យបានប្រាប់
ទៀតថា នៅឆ្នាំ២០១៥ខាងមុខនេះប្រជាជនមករស់នៅភ្នំពេញ អាចនឹងកើនដល់៣លាននាក់ ដែលអាចធ្វើឲ្យទីក្រុងភ្នំពេញត្រូវការផ្ទៃដីធំជាងបច្ចុប្បន្ន នេះ បីដង ដោយត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធឲ្យបានច្រើនស្របទៅនឹងកំណើន ចំនួនប្រជាជន។
លោកថ្លែងថា៖«ខ្ញុំគិតថា ការអភិវឌ្ឍទីក្រុងទៅភាគខាងត្បូងល្អជាងទៅភាគខាងលិច ព្រោះភាគខាងត្បូងជាតំបន់ខ្ពស់ ហើយមានទន្លេសម្រាប់រំដោះទឹកចេញឲ្យចៀសផុតពីបញ្ហាគ្រោះទឹក ជំនន់បាន»។ លោកបន្តថា គំនិតនេះលោកបានអធិប្បាយនៅក្នុងសៀវភៅរបស់លោកដែលមានចំណងជើងថា បុរីខ្មែរសម័យទំនើប សម្រាប់ឲ្យកូនចៅខ្មែរជំនាន់ក្រោយសិក្សាស្រាវជ្រាវ។
លោក ទូស សាភឿន
ព្រឹទ្ធបុរសនៃមហាវិទ្យាល័យស្ថាបត្យកម្ម និងសំណង់ នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា មានប្រសាសន៍ថា ខ្ញុំឯកភាពចំពោះគំនិតលោកសាស្រ្តាចារ្យ
វណ្ណ មូលីវណ្ណ ដែលបានលើកឡើងថា
ទីក្រុងគួរតែពង្រីកទៅភាគខាងត្បូង បើទោះបីជាចលនានៃការវិនិយោគបច្ចុប្បន្ននៅភាគខាងលិចខ្លាំងក៏ ដោយ។ លោកបន្តថា អ្នកវិនិយោគមិនបានគិតពីបញ្ហាគ្រោះទឹកជំនន់ឡើយ គឺគិតតែពីអាជីវកម្មគេតែប៉ុណ្ណោះ។
លោកបានប្រាប់ឲ្យដឹងថា នៅប្រទេសកម្ពុជារៀងរាល់៥០ឆ្នាំអាចនឹងមានគ្រោះទឹកជំនន់ខ្លាំង ម្តងកើតឡើង ហើយទីក្រុងភ្នំពេញ ជាតំបន់បាតខ្ទះងាយទទួលរងបញ្ហាទឹកជំនន់ខណៈនៅរដូវវស្សា។
លោក ព្រឹទ្ធបុរសរូបនេះបានបញ្ជាក់ថា៖«គ្រោះទឹកជំនន់កន្លងមកនៅ តំបន់ភាគខាងលិចផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ទទួលរងផលប៉ះពាល់ខ្លាំងជាងគេ ប៉ុន្តែបើតាមគំនិតលោក វណ្ណ
មូលីវណ្ណ ភាគខាងត្បូងមិនដែលទទួលរងផលប៉ះពាល់ពីទឹកជំនន់ទេ ដោយទីនោះមានផ្លូវទឹកអាចរំដោះបានជាពិសេសស្ទឹងព្រែកត្នោតតែ ម្តង
ហើយតំបន់នេះការធ្វើកសិកម្មក៏អំណោយផលច្រើនដែរ»។
លោក
បានលើកឡើងថា ទីក្រុងប្រទេសកម្ពុជាយើងបានប្រឈមមុខជាមួយបញ្ហាទាំងនេះតាំងពី សតវត្សរ៍ទី៦ សម័យនគរភ្នំមកម្ល៉េះ
ការបោះបង់ទីក្រុងអង្គរបុរី ការធ្លាក់ចុះអំណាច និងការធ្លាក់ចុះសេដ្ឋកិច្ចក៏ដោយសារទឹកលិចដែរ។ លោកបន្តថា នៅតំបន់លង្វែក
និងតំបន់ចតុមុខក៏ដូចគ្នាដែរ ទាំងអស់នេះជាបទពិសោធគួរតែយើងពិចារណាឡើងវិញ។
លោកបញ្ជាក់ ថា
អតីតអ្នកជំនាញអភិវឌ្ឍន៍ទីក្រុង សាស្រ្តាចារ្យ វណ្ណ មូលីវណ្ណ បានលើកឡើងថា អ្នកវិនិយោគហាក់បីដូចជាមិនសូវយកគំនិតនេះទៅពិចារណាទេ គឺគិតតែពីផលប្រយោជន៍បុគ្គលជាធំ ហើយណាមួយដីធ្លីតំបន់ភាគខាងលិច និងខាងជើងមានតម្លៃថោកអាចធ្វើឲ្យពួកគេទិញបានច្រើន ខុសពីដីធ្លីនៅតំបន់ភាគខាងត្បូងមានតម្លៃថ្លៃទិញបានតិច។
លោក បន្តថា អ្នកវិនិយោគគួរតែចាប់ផ្តើមបន្តការវិនិយោគទៅតាមអ្វីដែលលោក វណ្ណ មូលីវណ្ណ
បានលើកឡើងទើបជាការអភិវឌ្ឍទីក្រុងមួយបានល្អ បើអ្នកជំនាញបច្ចេកទេសធំៗគិតបែបនេះរាជរដ្ឋាភិបាលក៏គួរតែ ធ្វើតាម ហើយក៏គួរតែគិតពីអនាគតកាលច្រើនជាងបច្ចុប្បន្ន។
លោក ឌឹត
ចាន់ណា ប្រធានក្រុមហ៊ុនអចលនទ្រព្យវីអឹមស៊ី បានមានប្រសាសន៍ថា
អ្នកមានជំនាញខាងអភិវឌ្ឍន៍ទីក្រុងដូច លោកសាស្រ្តាចារ្យ វណ្ណ មូលីវណ្ណ បានមើលឃើញវែងឆ្ងាយសម្រាប់ការរស់នៅរបស់ប្រជាជន ប៉ុន្តែបើពិនិត្យមើលជាក់ស្តែងឃើញថា សំណង់អគាររោងចក្រឧស្សាហកម្មនៅភាគខាងលិច និងខាងជើងរីកដុះដាលច្រើនទៅវិញដោយទីនោះងាយស្រួល ក្នុងការនាំទំនិញចេញតាមរយៈកំពង់ផែ
ព្រះសីហនុ និងកំពត ប៉ុន្តែបើគិតពីអនាគតវែងឆ្ងាយគំនិតរបស់លោកសាស្រ្តាចារ្យ គឺជាគំនិត ដែលត្រឹមត្រូវបំផុត។
លោកបន្តថា
ការរីកចម្រើនទីក្រុងសព្វថ្ងៃអាចនិយាយបានថា ជាការជាក់ស្តែងនិយម ដោយគេពុំបានគិតពីអនាគតទីក្រុងវែងឆ្ងាយឡើយ បើតំបន់ណាមានឧស្សាហកម្មរោងចក្រកើតឡើងច្រើនលំនៅដ្ឋានក៏កើត ច្រើន
និងការធ្វើអាជីវកម្មផ្ទះជួលក៏ល្អដែរ។
លោកបញ្ជាក់ថា
៖«ខ្ញុំគិតថា
ក្នុងរយៈពេលពី៥ទៅ១០ឆ្នាំទៀត ការរីកទីក្រុងទៅខាងលិច និងខាងជើងនៅតែច្រើន ប៉ុន្តែទៅថ្ងៃអនាគតគំនិតលោក វណ្ណ មូលីវណ្ណ អាចនឹងល្អជាងការគិតរបស់ពួកយើងខ្ញុំ។ ឧស្សាហកម្មរោងចក្រមិនមែនជាទិសដៅសម្រាប់ការវិនិយោគនៅតំបន់ភាគ ខាងត្បូងនោះទេ»។
លោកប្រាប់ទៀតថា តម្លៃដីនៅភាគខាងត្បូងទីក្រុងតាខ្មៅបច្ចុប្បន្ន មានតម្លៃចន្លោះពី៤០០ទៅ៥០០ដុល្លារ
ក្នុងមួយម៉ែត្រការ៉េ និងតំបន់លំនៅដ្ឋានខាងក្នុងផ្លូវតូចៗតម្លៃចន្លោះពី១០០ទៅ១៥០ ដុល្លារ
តម្លៃប្រហាក់ប្រហែលគ្នាទៅនឹងភាគខាងលិច និងខាងជើងក្រុងដែរ
ប៉ុន្តែសកម្មភាពទិញដូរបែជាតិចតួចទៅវិញ៕
No comments:
Post a Comment